ព័ត៌មានជាតិ

ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងពី១៩៤ដុល្លារអាម៉េរិក ដល់២០០ដុល្លារអាម៉េរិក

ចេញផ្សាយ ពី P.M.C.TV
ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងពី១៩៤ដុល្លារអាម៉េរិក ដល់២០០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៣ (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន ៧លើក, ភាគីនិយោជកចំនួន ៣លើក, ភាគីរដ្ឋាភិបាលចំនួន ២លើក, ទ្វេភាគីរាជរដ្ឋាភិបាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន ៨លើក និងត្រីភាគីចំនួន ៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។
ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារអាម៉េរិក និង២១៣ដុល្លារអាម៉េរិក តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩៨ដុល្លារអាម៉េរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ – តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេង លើ ៥១សំឡេង
– តួលេខចំនួន ២០៦ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
– តួលេខចំនួន ២១០ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
– តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេង
– និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពដែលកម្ពុជាបានបង្កើតនូវភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញនិងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ (ពីររយ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ (ពីររយដប់ប្រាំពីរ) ដុល្លារអាម៉េរិក ដល់ ២២៨ (ពីររយម្ភៃប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់លាស់ និងប្រកបដោយគតិបណ្ឌិត ក្នុងការដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏មុតស្រួចក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាបាននូវភាពប្រកួតប្រជែង ការទាក់ទាញវិនិយោគថ្មីៗ និងការបង្កើតការងារថ្មីកាន់តែល្អប្រសើរជាងមុន។ ក្រសួង ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន។ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ នេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!