(ខេត្តតាកែវ)ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រេសណីយ៍ អាគារមណ្ឌលសុខភាពពារាម ស្រុកបាទី

ចេញផ្សាយ ពី P.M.C.TV
(ខេត្តតាកែវ)ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រេសណីយ៍ អាគារមណ្ឌលសុខភាពពារាម ស្រុកបាទី នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសប្បុរសជនមកពីប្រទេសបារាំង បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌលសុខភាពពារាម ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងលោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងមន្ត្រីរាជការសាលាស្រុក សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ទ យុវជន ស.ស.យ.ក. និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន មកពីប្រទេសបារាំង និងលោកវេជ្ជ.ឡោ គឹមសុង ដែលបានដឹកនាំក្រុមគ្រូពេទ្យមកពីប្រទេសបារាំង បានចំណាយថវិកាផ្ទាល់ខ្លួន សម្រាប់សាងសង់មណ្ឌលសុខភាពពារាម ជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបំរើសេវាសុខភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ។ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានថ្លែងថា អាគារពេទ្យថ្មី មណ្ឌល សុខ ភាពពារាមនេះ ប្រាកដ ជាក្លាយទៅជាកន្លែង បម្រើ សេវា សុខា ភិបាលជូន បងប្អូន ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋាននេះផ្ទាល់ ហើយក្នុងនោះដែរ សប្បុរសជន និងក្រុមគ្រូពេទ្យ មក ពីប្រទេសបារាំង បាន នាំយកនូវសម្ភារៈ បរិក្ខា ពេទ្យទំនើបៗ ថ្នាំសង្កូវជាច្រើន សម្រាប់បម្រើ និងពិនិត្យព្យាបាល ជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាបងប្អូនមូលដ្ឋានផ្សេង ទៀត ដែល មាន ទី លំនៅក្បែរស្រុកភូមិនេះដែលមានជំងឺ អាចចូលមកសម្រាកព្យាបាលនៅទីនេះ ដោយមិនចាំបាច់ ធ្វើ ដំណើរទៅព្យាបាលនៅទីរួមខេត្ត ឬ នៅរាជធានី ភ្នំពេញនោះទេ៕ ដោយលោក លី គង់