(ខេត្តបន្ទាយមានជ័យ)កងឯកភាពកំចាត់មីនទី១នៃអង្គភាពស៊ីម៉ាក់បានទទួលស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិការអង្គការសហប្រជាជាតិមកពី UNDP និង WFP អមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)កងឯកភាពកំចាត់មីនទី១នៃអង្គភាពស៊ីម៉ាក់បានទទួលស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិការអង្គការសហប្រជាជាតិមកពី UNDP និង WFP អមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅចម្ការមីនដែលមានទីតាំងស្ថិតនៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះគណៈប្រតិភូបានស្វែងយល់ពីសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងសមិទ្ធផលដែលសម្រេចបានក្នុងខេត្របន្ទាយមានជ័យ ។ សូមបញ្ជាក់ផងដែរថាអង្គការសហប្រជាជាតិ UN/UNDP បានចូលរួមក្នុងសកម្មភាពមីនតាំងពីឆ្នាំ ១៩៩២ ពោលចាប់តាំងពីឆ្នាំដែល
អង្គភាពស៊ីម៉ាក់ត្រូវបានបង្កើតឡើងដើម្បីធ្វើការបោសម្អាតមីនមនុស្សធម៌ ដែលបានផ្តល់សេវាបច្ចេកទេសនិងប្រឹក្សាដល់អង្គភាពស៊ីម៉ាក់ ដោយមានប្រើប្រាស់ថវិកាសរុបប្រមាណជាង ១២៨ លានដុល្លារអាម៉េរិក ។ ដោយឡែកសម្រាប់គម្រោងបោសសម្អាតមីនដើម្បីទិន្នផល (UNDP Clearing for Results Project) ដែលបានចាប់អនុវត្តចាប់តាំងពីឆ្នាំ ២០០៦ មកទល់ខែកញ្ញា ឆ្នាំ ២០២៤ នេះលទ្ធផលទទួលបានពីការរំដោះផ្ទៃដីប្រមាណ ជាង២៣៥ គីឡូម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧១.៣៦៣គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១.៤៣៦ គ្រាប់និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន ៧២.៧៩៩ គ្រាប់ ។ ក្នុងដំណើរទស្សនៈកិច្ចនេះគណៈប្រតិភូបានអញ្ជើញទស្សនាការបោសសម្អាតមីនដោយមនុស្ស ដោយសុនខ និងបានជួបសំណេះសំណាលជាមួយបងប្អូនជាជនមានពិការភាពដោយសារគ្រាប់មីន និងអ្នកទទួលផលចំនួន៣០នាក់ ។ តាមរយៈដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូបានយល់ដឹងស៊ីជម្រៅអំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសមទិ្ធផលដ៍ធំធេងដែលកម្ពុជាសម្រេចបានក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្ពោះទៅមុខ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិយ៉ាងទូលំទូលាយរបស់កម្ពុជាលើឆាកអន្តរជាតិ ៕ រូបភាពដោយលោកប៊ុន ស៊ីន