សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា

ចេញផ្សាយ ពី P.M.C.TV
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។ ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកនិងមានតម្លៃ អនុញ្ញាតឲ្យគណៈប្រតិភូ បានជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផល នៃជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាពគីឡាវ ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ជម្រុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់និងទាន់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំ នូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំឡាវជូនចំពោះសម្ដេច។ សម្ដេចតេជោបានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសយើងទាំងពីរជំរុញកាន់តែខ្លាំងឡើង នូវកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន។ល។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សម្តេចសូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ជូនឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសូមគោរពអញ្ជើញឯកឧត្តម ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលសមស្របខាងមុខនេះ៕