ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា​ នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ

ចេញផ្សាយ ពី P.M.C.TV
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា​ នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤​  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភា​ បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី​ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានអបអរសាទរចំពោះសម្តេចធិបតីដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមប្រធាន​  ព្រឹទ្ធសភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា​ អាកាសយានដ្ឋានអន្តរជាតិ​  សៀមរាបអង្គរ​ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។បន្ថែមលើនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា​ ក៍បានស្នើសម្តេចធិបតីចែករំលែកនូវទស្សនទានគន្លឹះ និង​បទពិសោធន៍​ ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន​ អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី  ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភាអំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានេះដែរ​ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង​កម្ពុជា​ និងម៉ាឡេស៊ី​ ដែលជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណ​ម៉ាឡេស៊ី​ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។​ ឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ​ និងបទពិសោធន៍​ នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា  សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព​ និងស្ថិរភាពនយោបាយ ដែលត្រូវតែធានានិងរក្សាឱ្យបានប្រកបដោយចីរភាព​ និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​ ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពី ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ដែលបានបញ្ចប់សង្គ្រាម​បែកបាក់ជាតិ​ក្នុង​រយៈពេល​៥សតវត្ស​ និងជួយឱ្យកម្ពុជា​ រក្សាបាន​នូវ​កំណេីនសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍ​របស់ខ្លួន។ មុននឹង​បញ្ចប់​ ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ បានឯកភាព​ នឹង​សម្តេច​ធិបតី​  ដែលបាន​គូសបញ្ជាក់​ថា​ សន្តិភាព​ ជាកត្តាគន្លឹះ​ដ៍សំខាន់ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ និង​បាន​បញ្ជាក់បន្ថែមផងដែរថា​ ព្រឹទ្ធសភា​ម៉ាឡេស៊ី​ រង់ចាំស្វាគមន៍ដោយក្តី​រីករាយ​ ចំពោះដំណេីរផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​ព្រឹទ្ធសភា​  នៃ​ប្រទេសទាំងពីរ នាពេលអនាគតផងដែរ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!