ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ:) នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម ឧស្ម័ន ហាសាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុង ពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ លើកទី១ នៅមន្ទីរបក្សខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ គណៈអ៊ីម៉ាំខេត្ត អ៊ីម៉ាំស្រុក-ក្រុង អ៊ីម៉ាំម៉ាស្ជិទ្ធ គ្រូបង្រៀនខ្មែរឥស្លាម បងប្អូនសាសនិកខ្មែរ-ឥស្លាម ទូទាំងខេត្តបន្ទាយមានជ័យ សរុបជាង៥០០នាក់។ ឆ្លៀតក្នុងឱកាសនះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សូមសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះ បងប្អូន ក្មួយៗ សាសនិកខ្មែរឥស្លាមទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពជឿជាក់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស។ តើខែរ៉ាម៉ាឌនជាអ្វី?
ខែរ៉ាម៉ាឌន ជាឈ្មោះខែទី៩ ក្នុងសាសនាឥស្លាម។ នៅក្នុងខែនេះ មានពីធីបុណ្យដ៏ធំនៃសាសនាឥស្លាម និងជាពេលវេលាដែលសាសនិកឥស្លាមនៅទូទាំងពិភពលោកបួសតមអហារ។ សាសនិកឥស្លាមដែលមានអាយុចាប់ពី១៤ ឬ១៥ឆ្នាំឡើង នឹងតមអាហាររយៈពេលជាង១០ម៉ោង ចាប់ពីវេលាជិតភ្លឺ រហូតដល់ថ្ងៃលិច លើកលែងតែអ្នកមានជំងឺ ឬមនុស្សចាស់ជរា។ ជាមួយគ្នានេះ ចំពោះកុមារ ស្រ្តីមានផ្ទៃពោះ គឺអាចផ្អាកការបួសនេះបាន។ ការបួសនេះ គឺជាកាតព្វកិច្ចនៃសាសនិកឥស្លាម។ ខែរ៉ាម៉ាឌនគឺជាខែដែលមានលក្ខណៈពិសេស ដោយជាខែដែលព្រះអាឡោះជ្រើសរើសដើម្បីកំណត់នូវកិច្ចការផ្សេងៗ ដែលកើតឡើងក្នុងរយៈពេល១ឆ្នាំ។ សាសនិកឥស្លាមមានជំនឿថា ការបួសក្នុងខែរ៉ាម៉ាឌននេះ នឹងទទួលបានផលបុណ្យដ៏ធំធេងពីព្រះអាឡោះ ជាងការបួសក្នុងខែផ្សេងៗ។ ប្រធានសមាគមខ្មែរ-ឥស្លាម ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គោលការណ៍រួមនៃការបួសនេះ ក្រៅអំពីការបំពេញកាតព្វកិច្ច គឺចង់ឱ្យអ្នកប្រតិបត្តិមានភាពងាយស្រួល បង្រៀនអ្នកបួសឱ្យមានការអត់ធ្មត់ខ្ពស់ ចេះអត់ទ្រាំ មានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង គ្រប់គ្រងលើចំណង់តណ្ហា និងប្រការអាក្រក់ផ្សេងៗ។ លើសពីនេះ គឺការយល់ដឹងពីភាពលំបាកវេទនា របស់អ្នកដែលកំពុងស្រេកឃ្លាន ខ្វះខាតអាហារបរិភោគ ហើយបង្រៀនមនុស្សឱ្យមានចិត្តសប្បុរស ដោយចេះចែករំលែកទៅអ្នកដែលក្រខ្សត់។ បន្ទាប់ពីមានមតិសំណេះសំណាលរួច ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី និង លោកជំទាវ ក៏បានចែកជូនអំណោយកំដរដៃ ដល់បងប្អូនខ្មែរ-ឥស្លាម ក្នុងម្នាក់ៗ ទទួលបាននូវសារ៉ុង ចំនួន១ និង ថវិការ ២០០០០រៀល ផងដែរ៕ ដោយអ្នកស្រីមាស ចន្នី